ឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ ៖ ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក “អង្គរ” រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានយកចិត្តទុកដាក់បំផុតនៅក្នុង ការគ្រប់គ្រង អភិរក្សមរតកវប្បធម៌របស់ដូនតា ដោយមានគោលការណ៍ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” នៅក្រុងសៀមរាបកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ បានបន្តទៀតថា សង្គ្រាមផ្ទៃក្នុងបានធ្វើឱ្យខ្មែរបាក់បែក។ ចែកជាបក្ខជាពួកជាក្រុមផ្សេងគ្នា។ ប៉ុន្តែបន្ទាប់ពីដួលរលំរបស់របបខ្មែរក្រហម កម្ពុជាដែលមានប្រាសាទអង្គរជាចំណុចប្រសព្វគ្នាមួយបានដឹកនាំឱ្យខ្មែរ មានសន្តិភាព និងការអភិវឌ្ឍក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ។
ឯកឧត្តមបន្តថា សារៈសំខាន់របស់អង្គរវត្តបានធ្វើឱ្យកម្ពុជាមានថ្ងៃនេះ។ ដូច្នេះមានកិច្ចការជាច្រើនដែលយើងត្រូវធ្វើសម្រាប់រមណីយដ្ឋានអង្គរជាបន្តទៀត។ ធ្វើយ៉ាងណាយើងត្រូវការពារមរតកដូនតា និងការពាររក្សានូវឧត្តមប្រយោជន៍របស់ប្រជាជនយើងដែរ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា ឥឡូវមកដល់អាណត្តិនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យមកជួយសម្របសម្រួលដឹកនាំការងារនៅតំបន់អង្គរនេះ។
” សម្តេចមហាបវរធិបតីបានឱ្យគោលការណ៍ខ្ញុំច្បាស់ ហើយបានដាក់បទបញ្ជាឲ្យខ្ញុំច្បាស់ថា ដៃម្ខាងត្រូវថែរក្សាមរតកដូនតារបស់យើង ហើយដៃម្ខាងទៀតក៏ត្រូវគិតគូរប្រយោជន៍របស់ប្រជាជនរបស់យើងនៅតំបន់អង្គរហ្នឹង និងក្នុងទឹកដីសៀមរាបជារួមតែម្តង”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ដូច្នេះដើម្បីតម្រង់ទិសនៅក្នុងកិច្ចការងារគ្រប់គ្រងតំបន់អង្គរនេះ យើងត្រូវរួមគ្នាលើកយកជាគំនិតផ្ទាល់ខ្លួនរបស់យើងមកជជែកគ្នាដើម្បីស្វែងរកធាតុចូលក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរនេះ នៅក្នុងចំណុចរួមតែមួយ។

សូមជម្រាបថា កិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ប្រារព្ធធ្វើរយៈពេលពីរចាប់ពីរថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត ។
គប្បីជម្រាបថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាឆ្នាំ១៩៩២។ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ដោយសារមានតំបន់រមណីយដ្ឋានអង្គរ ដែលមានផ្ទៃដីសរុបប្រមាណ ៤០១គីឡូម៉ែត្រការ៉េ។ ចែកចេញជាពីរតំបន់ គឺតំបន់១ និង តំបន់២ ដែលស្ថិតនៅក្នុងដែនដីនៃរដ្ឋបាលក្រុង ស្រុក ចំនួន៦ ៕

